ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ក្រឡេក​មើល​ការ​បំពេញ​ការងារ​ក្នុង​ឆាក​នយោបាយ​ជិត៥០ឆ្នាំ​របស់​លោក Biden


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពីស្វាគមន៍​លោក Evan Gershkovich លោក Alsu Kurmasheva លោក Paul Whelan នៅបន្ទាយអាកាស Andrews កាលពីថ្ងៃទី​១ សីហា ឆ្នាំ២០២៤។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់ពីស្វាគមន៍​លោក Evan Gershkovich លោក Alsu Kurmasheva លោក Paul Whelan នៅបន្ទាយអាកាស Andrews កាលពីថ្ងៃទី​១ សីហា ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​បាន​ប្រកាស​កាលពី​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៤ ថា​លោក​នឹង​មិន​ឈរឈ្មោះ​ក្នុង​ការបោះឆ្នោត​មួយ​អាណត្តិ​ទៀត​ទេ​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំនេះ បាន​បម្រើការ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អស់រយៈ​ពេល​ជិត​ពាក់កណ្តាល​សតវត្សរ៍​នៅ​ក្នុង​ព្រឹទ្ធសភា​ ជា​អនុប្រធានាធិបតី ហើយចុងក្រោយ​បំផុត​ជា​ប្រធានាធិបតី។

នៅពេល​លោក Biden ចាកចេញ​ពី​សេតវិមាន​នៅ​ខែមករា លោក​នឹង​បាន​ចំណាយ​ពេល​សឹងតែ​មួយ​អាជីព​របស់​លោក​ទាំងមូល​នៅ​ក្នុង​ឆាកនយោបាយ​ជាតិ។ លោក Biden ដែល​នឹង​ឈាន​ចូល​វ័យ​៨២ឆ្នាំ​នៅ​ខែវិច្ឆិកា​ខាងមុខ នឹង​បាន​បម្រើការ​ដល់​សាធារណជន​យូរជាង​មិត្តរួមការងារ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មួយ​ចំនួន​របស់​លោក​រស់រាន​មាន​ជីវិត​ផង។

ការ​ចោទសួរអំពី​អាយុ​របស់​លោក Biden បាន​បញ្ចប់​អាជីព​របស់​លោក​បម្រើ​ការ​ឱ្យរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

នៅឆ្នាំ១៩៧២ លោក​បាន​ធ្វើ​ឱ្យ​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ភ្ញាក់ផ្អើល​ពេល​លោក​ឈ្នះ​ការ​ប្រកួតប្រជែង​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ក្នុងវ័យ​២៩ឆ្នាំ ដោយ​ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ក្មេងជាងគេ​ទី៦​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ ឥឡូវនេះ វ័យ​កាន់​តែ​ជរា​របស់​លោក​គឺជា​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឱ្យ​ក្រុម​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​ជំរុញ​ឱ្យ​លោក​ដក​ខ្លួន​ចេញ​ពី​ការប្រកួត​យក​តំណែង​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាងមុខ ដោយ​ការស្ទង់មតិ​បង្ហាញថា ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ជឿថា​លោកចាស់ពេក​ហើយ​ក្នុងការធ្វើ​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត។​

លោក Biden ដែល​ជា​មន្ត្រី​សាធារណៈ​ជាប់ឆ្នោត​ជាច្រើន​ទសវត្សរ៍​ដែល​មាន​ទាំង​ភាព​ជោគជ័យ​និង​ការ​វិវត្តថយក្រោយ​មួយ​ចំនួន​ផងដែរ។ តទៅនេះ​គឺជា​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​អាជីព​របស់​លោក។

តួនាទី​ជា​ប្រធានាធិបតី​

ការ​កាន់តំណែង​ប្រធានាធិបតី​របស់​លោក Biden ត្រូវបាន​កំណត់​ដោយ​បញ្ហា​ប្រឈម​សាកល​យ៉ាងច្រើន ហើយ​ក្នុង​ចំណោម​នោះ​រួមមាន​ជំងឺ​រាតត្បាត​កូវីដ១៩ ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ភាពគឃ្លើន​ថ្មីថ្មោង​របស់​ចិន​ និង​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម​នានា។

នៅក្នុងស្រុក លោក Biden ពិបាក​ដោះស្រាយ​បញ្ហា​នៃ​ការ​កើនឡើង​នៃ​អតិផរណា ដែល​ខ្ពស់​បំផុត​ក្នុង​៤ទសវត្សរ៍​ចុងក្រោយ ដែលធ្វើ​ឱ្យ​ការ​ចំណាយ​របស់​ពលរដ្ឋ​អាមេរិកាំង​កើនឡើង​ខ្ពស់​ខ្លាំង ក៏ដូចជា​បញ្ហា​នៃ​ការកើនឡើង​នៃ​ជន​ចំណាកស្រុក​នៅ​តាម​ព្រំដែន​ភាគខាងត្បូង​សហរដ្ឋ​អាមេរិក និង​បញ្ហា​សង្គម ការរើសអើង​ជាតិសាសន៍ និង​ភាព​យុត្តិធម៌​យេនឌ័រ។​

លោក Biden ក្នុងនាម​ជា​បេក្ខជន​ប្រធានាធិបតី​ក្នុងឆ្នាំ២០២០ បាន​សន្យា​ស្តារ​ភាព​ថ្លៃថ្នូរ​ដល់​សេតវិមាន​វិញ បន្ទាប់​ពី​រដ្ឋបាល​របស់​លោក​អតីត​ប្រធានាធិបតី Donald Trump ត្រូវបាន​គេ​សម្គាល់​ដោយ​សារ​បង្ហោះលើ​បណ្តាញ​សង្គម Twitter ដែល​បច្ចុប្បន្ន​ហៅថា​ X ដែល​សារ​ទាំងនោះ​មាន​លក្ខណៈ​ហិង្សា​ដែល​សំដៅ​លើ​បក្ស​ប្រជាធិបតេយ្យ​ គូ​ប្រជែង​នយោបាយ​ក្នុង​បក្ស​សាធារណរដ្ឋ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាតិ។ លោក Biden សច្ចា​ថា​នឹង​ដោះស្រាយការ​បែកបាក់​នយោបាយ​នៅ​សភា​ដើម្បី​សម្រេច​ជោគជ័យ​ផ្នែក​នីតិបញ្ញត្តិ។​

លោក Biden បាន​ទទួល​ជោគជ័យក្នុង​កម្រិតមួយ ដោយ​លោក​ឈ្នះ​សំឡេង​គាំទ្រ​តិច​តួច​ពីបក្ស​សាធារណរដ្ឋ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ចំណាយ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជួសជុល​ផ្លូវថ្នល់​និង​ស្ពាន​ដែល​ចាស់​ខូចខាត ដើម្បី​លើក​តម្កើង​ការ​ផលិត​បន្ទះ​ឈីប​កំព្យូទ័រ​ និង​ដាក់​ការ​ត្រួតពិនិត្យ​ថ្មី​លើ​កាំភ្លើង ដែល​ជា​ការ​អនុម័ត​ដំបូង​ក្នុង​ពេល​ជិត​៣​ទសវត្សរ៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។​

នៅ​ក្នុង​ច្បាប់​ដាច់​ដោយឡែក​ពីគ្នា សមាជិក​គណបក្ស​ប្រជាធិបតេយ្យបាន​យក​ឈ្នះ​លើ​ការប្រឆាំង​របស់បក្ស​សាធារណរដ្ឋ​ដែលរួបរួម​គ្នា​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ជំនួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដោយ​ជំងឺ​កូវីដ១៩ ​ហើយ​ក្រោយមក​លើ​គម្រោង​ដែល​មាន​ទឹកប្រាក់​៣៦៩​ពាន់​លាន​ដុល្លារដើម្បី​ជួយ​គ្រប់គ្រង​ផលប៉ះពាល់​នៃ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ដែល​ជា​កញ្ចប់​ថវិកា​ធំបំផុត​ដែល​សហរដ្ឋ​អាមេរិក​បាន​បែងចែក​ដើម្បី​ជួយ​ការពារ​បរិស្ថាន។​

ទោះជា​យ៉ាង​នេះ​ក្តី ការ​ចំណាយ​របស់​រដ្ឋាភិបាល​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ត្រូវបាន​រកឃើញថា​ជា​បញ្ហា ដោយ​សេដ្ឋវិទូ​មួយចំនួន​បន្ទោស​ទៅលើ​ការ​ផ្តល់​ជំនួយ​នេះ​ដែល​បង្ក​ឱ្យ​ទំនិញ​ឡើង​ថ្លៃ​ខ្លាំង​ដែល​រហូត​មក​ដល់​ពេល​នេះ​មិនទាន់​មាន​ភាព​ស្រាកស្រាន្ត​នៅ​ឡើយ។

សមិទ្ធផលគោល​នយោបាយ​ការបរទេស​ធំ​ជាង​គេ​បង្អស់​របស់​លោក​នោះ​គឺ​ប្រហែល​ជា​ការណ៍​ដែល​លោក Biden បាន​ដឹកនាំ​ក្រុម​ចម្រុះ​ប្រទេស​លោក​ខាង​លិច​ដែល​បញ្ជូន​គ្រឿង​សព្វាវុធ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់រាប់​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​ដើម្បី​ជួយ​យោធា​អ៊ុយក្រែន​ទប់ទល់​ជាមួយ​កងកម្លាំង​រុស្ស៊ី​ដែល​ដំបូង​ឡើយ​រំពឹង​ថា​នឹង​វាយ​យក​បាន​រដ្ឋធានី​កៀវ​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មានថ្ងៃ​នៅពេល​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លាន​ពាន​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ ឆ្នាំ២០២២។ ទោះជា​យ៉ាង​នេះ​ក្តី​ សូម្បី​តែ​ជាមួយ​ការ​គាំទ្រ​ឥត​ងាករេ​របស់​លោក Bidenក្តី សង្គ្រាម​នេះ​នៅជាប់​គាំង​ដោយ​គ្មាន​តម្រុយថា​នឹង​អាច​បញ្ចប់​បាន​នៅ​ពេល​ណា​នោះទេ។

នៅ​ខាង​ផ្នែក​ការទូត​ដដែល​នោះ​ដែរ​ អត្រា​នៃ​ការ​គាំទ្រ​លោក Biden បាន​ធ្លាក់​ចុះ​ខ្លាំង​បន្ទាប់​ពី​ទាហាន​អាមេរិកាំង​១៣នាក់​ត្រូវបាន​សម្លាប់​នៅពេល​ដែល​អាមេរិក​និង​កងកម្លាំង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ចេញ​ពី​អាហ្វហ្គានីស្ថាន។

ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ហាម៉ាស​ក៏​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​នានា​សម្រាប់​លោក Biden ដែល​គាំទ្រ​អ៊ីស្រាអែល​ សូម្បី​តែ​បន្ទាប់​ពី​បាតុកម្ម​តវ៉ា​គាំទ្រ​ប៉ាឡេស្ទីន​បាន​ផ្ទុះ​ឡើង​នៅ​តាម​មហាវិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក​ក៏​ដោយ។ ខណៈ​សង្គ្រាម​នេះ​នៅ​តែ​បន្ត​អូសបន្លាយ​ដែល​ឥឡូវ​ឈាន​ចូល​ដល់​ខែ​ទី១០ លោក Biden បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ហើយ​បាន​ងាកទៅ​រិះគន់​ការធ្វើ​ប្រតិបត្តិការ​នៃ​សង្គ្រាម​របស់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu។​

តួនាទី​ជា​អនុប្រធានាធិបតី

មុន​លោក Biden ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ២០២០ លោក​គឺជា​ទីប្រឹក្សា​កំពូល​របស់​លោក​ប្រធានាធិបតី​ Barack Obama ក្នុង​អំឡុងពេល​លោក​កាន់​តំណែង​ជា​អនុប្រធានាធិបតី​រយៈពេល​៨ឆ្នាំ ចាប់​ពី​ឆ្នាំ២០០៩​មក។

លោក Biden ត្រូវបាន​ចាត់​តាំង​ឱ្យ​គ្រប់គ្រង​គម្រោង​ធំៗ​ជាច្រើន​ រួមទាំង​ការ​ដកទ័ព​អាមេរិក​ចេញពី​អ៊ីរ៉ាក់​និង​ការ​ចែកចាយ​ថវិកា​សហព័ន្ធ​រាប់​ពាន់​លាន​ដុល្លារ​ទៅដល់​រដ្ឋាភិបាល​តាម​រដ្ឋ​និង​តាម​មូលដ្ឋាន​នានា​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ពី​វិបត្តិ​សេដ្ឋកិច្ច​ ក៏ដូចជា​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក Mitch McConnell ដែល​ពេល​នោះ​ជា​មេដឹកនាំ​សំឡេង​ភាគតិច​ក្នុង​ព្រឹទ្ធសភា​ ដើម្បី​ជៀសវាង​ការ​បិទ​សកម្មភាព​រដ្ឋាភិបាល​និង​បញ្ចៀស​ការ​ខកខាន​មិន​សង​បំណល់។

នៅពេល​លោក Obama ធ្វើ​ឱ្យ​លោក Biden ​ភ្នាក់ផ្អើល​កាលពី​ឆ្នាំ២០១៧ ​ដោយ​ផ្តល់​នូវ​មេដាយ​កិត្តិយស​ស៊ីវិល​ខ្ពស់​បំផុត​របស់​ប្រទេស​គឺ​មេដាយ​សេរីភាព​ផ្តល់​ដោយ​ប្រធានាធិបតី​នោះ ​លោក Obama ​បាន​ពណ៌នា​លោក Biden ថា​ជា «អនុ​ប្រធានាធិបតី​ដ៏​ល្អបំផុត​ដែល​អាមេរិក​មាន»។​

ប្រធានាធិបតី​ អូបាម៉ា​ ជួប​ជាមួយ​ក្រុម​មន្រ្តី​ថ្មី​សម្រាប់​ អាហ្គានីស្ថាន​ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​
ប្រធានាធិបតី​ អូបាម៉ា​ ជួប​ជាមួយ​ក្រុម​មន្រ្តី​ថ្មី​សម្រាប់​ អាហ្គានីស្ថាន​ និង​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​

លោក Obama និងលោក Biden មាន​ជិតស្និទ្ធ​គ្នា​យ៉ាង​ខ្លាំង ហើយ​គ្រួសារ​របស់​ពួកគេ​ក៏​ជិតស្និទ្ធ​គ្នា​ផងដែរ រួមទាំង​មិត្តភាព​រវាង​លោកស្រី Michelle Obama និង​លោកស្រី Jill Biden ក៏ដូចជា​មិត្តភាព​រវាង​កូនស្រី​លោក Obama និង​ចៅស្រី​របស់​លោក Biden ផងដែរ។​

លោក Obama បាន​ជ្រើសរើស​លោក Biden ជា​អនុប្រធានាធិបតី​របស់​លោក​ មួយ​ផ្នែក​ធំ​គឺ​ដោយសារ​តែ​បទពិសោធន៍​យ៉ាង​ច្រើន​របស់​លោក​នៅ​លើ​ឆាក​អន្តរជាតិ​ជា​សមាជិក​ព្រឹទ្ធសភា​ ដែល​លោក Obama សង្ឃឹម​ថា​អាច​ធ្វើ​ឱ្យ​មាន​តុល្យភាព​ជាមួយ​នឹង​បទពិសោធន៍​ដែល​មាន​កម្រិត​របស់​លោក​ក្នុង​វិស័យ​នោះ។

លោក Biden ធ្លាប់​ត្រូវបាន​គេ​គិតជា​យូរ​មកហើយ​ថា​អាចជា​អ្នកដែល​បន្ត​តំណែង​ប្រធានាធិបតី​ពី​លោក Obama ប៉ុន្តែ​លោក​មិន​បាន​ឈរ​ឈ្មោះ​ក្នុង​ឆ្នាំ២០១៦​នោះទេ ដោយ​ថ្លែងថា​ក្រុមគ្រួសារ​របស់​លោក​កាន់​ទុក្ខ​ក្រោយ​ការ​ស្លាប់​របស់​កូនប្រុស​របស់​លោក​គឺ​លោក Beau ដែល​បាន​ស្លាប់​ដោយសារ​តែជំងឺ​មហារីក​ខួរក្បាល​ក្នុងវ័យ​៤៦​ឆ្នាំ។ ទោះជា​យ៉ាង​នេះ​ក្តី​ សេចក្តីរាយការណ៍​ក្នុង​ឆ្នាំ២០១៩ ដោយ​កាសែត​ The New York Times បាន​លើកឡើងថា លោក Obama មិន​ជំរុញ​ឱ្យ​លោក Biden ឈរ​ឈ្មោះ​ជាប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦​នោះទេ ព្រោះ​លោក​ជឿថា​លោកស្រី Hillary Clinton ដែល​ជា​បេក្ខជន​នាំមុខ​នៅពេល​នោះ​មាន​ឱកាស​ឈ្នះ​ការបោះឆ្នោត​នៅពេល​នោះ​ជាងគេ។

តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​

បន្ទាប់​ពី​លោក Biden បាន​ឈ្នះ​ការប្រកួត​យក​តំណែង​សមាជិក​ព្រឹទ្ធសភា​ដើម្បី​តំណាង​ឱ្យ​រដ្ឋ Delaware ក្នុង​ឆ្នាំ១៩៧២ លោក​បាន​ចំណាយ​ពេល​៣៦ឆ្នាំ​បន្ទាប់​នៅ​ក្នុង​ព្រឹទ្ធសភា​ ដោយ​ជិះរថភ្លើង​រាប់​រយ​គីឡូម៉ែត្រ​ទៅធ្វើ​ការ​ភាគច្រើន​ទៅ​មក​រវាង​ទីក្រុង Wilmington និង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​លេច​ធ្លោ​ឡើង​តំណែង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​ហើយ​បាន​ឡើង​ធ្វើ​ប្រធាន​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​ដ៏​មាន​អំណាច​២ដង និង​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​តុលាការ​ព្រឹទ្ធសភា​ម្តង​ផងដែរ។

លោក Biden ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​ធ្វើការ​ឆ្លង​បក្ស​ជាមួយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​នានា​ដូចជា​លោក John McCain និង​លោក Chuck Hagel ជាដើម​នោះ លោក​តែងតែ​តស៊ូ​មតិ​ឱ្យ​មាន​ទំនាក់ទំនង​រវាង​បក្ស​ទាំងពីរ។ ទោះ​ជា​យ៉ាង​នេះ​ក្តី បើទោះ​បី​ជា​លោក​មាន​ទំនាក់​ទំនង​ជាមួយ​តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ ​លោក​ពិបាក​ប្រើប្រាស់​ទំនាក់​ទំនង​នេះ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​លើ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ នៅពេល​លោក​ឡើង​កាន់តំណែង​ប្រធានាធិបតី​នេះ។

ជ័យជម្នះ​របស់​លោក Biden នៅ​ក្នុង​ព្រឹទ្ធសភា​រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​ដល់​ច្បាប់​ប្រឆាំង​អំពើហិង្សា​លើ​ស្ត្រី ដែល​ធ្វើ​ឱ្យ​មាន​ភាព​កាន់​តែងាយស្រួល​ក្នុងការ​កាត់​ទោស​លើ​អ្នកដែល​ប្រព្រឹត្ត​អំពើហិង្សា​ក្នុងគ្រួសារ ការវាយប្រហារ​ផ្នែក​ផ្លូវភេទ ការប្រើហិង្សា​ក្នុង​ទំនាក់ទំនង និង​ការ​តាមដាន​នរណា​ម្នាក់​ជាប់​ជាដើម។ លោក​ក៏​បាន​ជួយ​ដល់​ការ​អនុម័តច្បាប់ Brady Bill ដែល​តម្រូវ​ឱ្យ​មាន​ការ​ឆែកឆេរ​ប្រវត្តិរូប​មុន​នឹង​អនុញ្ញាត​ឱ្យទិញកាំភ្លើង​ភាគច្រើន។​

ពួក​អ្នក​រិះគន់​ថ្លែងថា បើ​ក្រឡេក​មើល​លើ​រឿង​អតីតកាល សំឡេង​ឆ្នោត​មួយ​ចំនួន​របស់​លោក​គឺជា​រឿង​បរាជ័យ។ លោក Biden បាន​បង្ហាញ​អារម្មណ៍​ស្តាយ​ក្រោយ​ចំពោះ​ការ​សម្រេចចិត្ត​ជាច្រើន​របស់​លោក​ពេល​លោក​នៅ​ព្រឹទ្ធសភា រួម​បញ្ចូល​ទាំង​ការ​គាំទ្រ​សេចក្តី​ព្រាងច្បាប់​ឧក្រិដ្ឋកម្ម​ឆ្នាំ១៩៩៤​ដែល​នាំ​ឲ្យ​មានអត្រា​នៃ​ការ​ជាប់​ឃុំឃាំង​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​កាន់​តែ​ច្រើននិង​សំឡេង​គាំទ្រ​របស់​លោក​ដែល​អនុញ្ញាត​ឱ្យ​មាន​ការ​ឈ្លានពាន​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ២០០៣។​

លោកក៏​បាន​រងការ​រិះគន់​ចំពោះ​តួនាទី​របស់​លោក​ជា​ប្រធាន​សវនាការ​តែងតាំង​ប្រធាន​តុលាការ​កំពូល​លោក Clarence Thomas ក្នុង​ឆ្នាំ១៩៩១ ដែល​លោក​រង​ការចោទ​ប្រកាន់​ដោយ​អ្នកស្រី​ Anita Hill ពីបទ​បៀតបៀន​ផ្លូវភេទ។ ក្នុង​ឆ្នាំ២០១៩ លោក​ Biden ធ្វើការ​សុំអភ័យទោស​ប៉ុន្តែ​មិនមែន​ជាលើកទីមួយទេ ​ទៅលើ​សា្ថនការណ៍​នោះ​ ដោយលោក​បាន​ថ្លែង​ថា៖​«រហូត​ដល់​ថ្ងៃនេះ ​ខ្ញុំ​មាន​ការ​សោកស្តាយ​ដែល​ខ្ញុំ​មិនបាន​រក​នឹកឃើញ​វិធី​ដែល​អាច​ជួយ​ឱ្យ​អ្នកស្រី Hill ទទួល​បាន​សវនាការ​ដែល​អ្នកស្រី​សក្តិសម​ទទួលបាន»។ អ្នកស្រី Hill និង​ពួកអ្នក​គាំទ្រ​បាន​បន្ទោស​លោក Biden ដែល​មិនបាន​ធ្វើ​គ្រប់គ្រាន់​ដើម្បី​ការពារ​អ្នកស្រី​ពីការ​ប្រមាថ​នៅ​ក្នុង​អំឡុង​សវនាការ​នោះ។​

ការ​ឈរ​ឈ្មោះជា​ប្រធានាធិបតី

មុន​នឹង​ទទួល​បាន​ជោគជ័យ​ក្នុងការ​ឈរឈ្មោះ​ធ្វើជា​ប្រធានាធិបតី​ក្នុងឆ្នាំ២០២០ លោក Biden ធ្លាប់​ឈរឈ្មោះ​ប្រកួតតំណែង​នេះ​២ដង​រួច​មកហើយ​គឺ​បរាជ័យ​ក្នុង​ឆ្នាំ១៩៨៨ និង​ឆ្នាំ២០០៨ មិនទទួល​បាន​ការ​តែងតាំង​ក្នុង​បក្ស​ប្រជាធិបតេយ្យ​នោះទេ។

ទីបំផុត​លោក​បាន​ឈ្នះ​ការបោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ២០២០​ប្រឆាំង​នឹង​លោក Trump ដែល​បាន​បដិសេធ​មិនទទួល​ស្គាល់​ជ័យ​ជម្នះ​របស់​លោក Biden ហើយ​បន្ត​អះអាង​ដោយ​ខុស​ថា​មាន​ការ​បន្លំ​សន្លឹកឆ្នោត​និង​ភាព​មិនប្រក្រតី​ក្នុង​ការរាប់​សន្លឹកឆ្នោត​ដើម្បី​ឱ្យ​លោក​ចាញ់​មិនបាន​កាន់តំណែង​មួយ​អាណត្តិ​ទៀត។ លោក Biden បាន​ឈ្នះ​ការបោះឆ្នោត​ដែល​ប្រកៀកប្រកិត​គ្នាខ្លាំង​នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​ដើម្បី​ឈ្នះ​សំឡេង​គាំទ្រ​ពី​អង្គបោះឆ្នោត​ដោយ​សំឡេង ៣០៦ និង ២៣២ ដែល​ជា​ចំនួន​សរុប​ដូចគ្នា​នឹង​អ្វីដែល​លោក Trump បាន​ប្រកាស​ថា​ជា​ជ័យ​ជម្នះ «ភ្លូកទឹក​ភ្លូកដី» នៅពេល​លោកឈ្នះ​ការបោះឆ្នោត​ក្លាយ​ជាប្រធានាធិបតី​ក្នុង​ឆ្នាំ២០១៦។

លោក Biden បាន​ឈ្នះ​សំឡេង​ឆ្នោត​ជាង៧លាន​លើស​លោក​ Trump ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​តាម​ការពិត​ទៅ​ឈ្នះតំណែង​ប្រធានាធិបតី​គឺ​ទៅតាម​រដ្ឋ​នីមួយៗ ​ដែល​រដ្ឋ​ដែល​មាន​ប្រជាជនច្រើន​បំផុត​មាន​សំឡេង​អង្គបោះឆ្នោត​ច្រើន​បំផុត​ផងដែរ។ ដូច្នេះ​ហើយ​រដ្ឋ​ដែល​មិនទាន់​សម្រេចចិត្ត​ឬ​រដ្ឋ​ដែល​ម្តង​បោះឆ្នោត​ឱ្យ​បក្ស​នេះ​ម្តង​បក្ស​នោះ​គឺជា​រដ្ឋ​ដែល​សម្រេច​លទ្ធផល​ឆ្នោត។

នៅពេល​លោក​កាន់​តំណែង​ជាប្រធានាធិបតី​កាលពី​ថ្ងៃទី២០ ខែ​មករា ឆ្នាំ២០២១ លោក Biden ក្នុង​វ័យ៧៨ឆ្នាំ​នៅពេល​នោះ​ បាន​ក្លាយ​ជា​ប្រធានាធិបតី​មាន​វ័យ​ចាស់​បំផុត​ ដែល​លើស​លោក​ Trump ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​ពេល​លោក​អាយុ៧០ឆ្នាំ​ ពេល​លោក​ឈ្នះ​ឆ្នោត​ចូល​កាន់​សេតវិមាន​ក្នុង​ឆ្នាំ២០១៧៕



ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG