នៅក្នុងការប្រកួតកីឡាអូឡាំពិកលំដាប់ថ្នាក់ពិភពលោកឆ្នាំ២០១៦នេះ កីឡាករបុរសម្នាក់នឹងតំណាងឲ្យប្រទេសកម្ពុជាសម្រាប់កីឡាហែលទឹក និងមុជទឹកដោយសេរីចម្ងាយ១០០ម៉ែត្រផ្នែកបុរស នៅថ្ងៃអង្គារ ទី៩ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។ កម្ពុជាក៏មានកីឡាការិនីម្នាក់ទៀតដែរចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកពិភពលោកនេះ។
យុវជនឈ្មោះ ពូ សុវិជ្ជា អាយុ២១ឆ្នាំ គឺជាកីឡាករម្នាក់ដែលបានជាប់ជាបេក្ខជនតំណាងឲ្យកម្ពុជានៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុង Rio ប្រទេសប្រ៊េស៊ីលឆ្នាំនេះ។ លោក ពូ សុវិជ្ជា បានប្រាប់ VOA ថា លោកពិតជាមានមោទនភាពដែលបានទទួលឱកាសដ៏កម្រមួយនេះ។
លោកថ្លែងថា៖
«ការណ៍ដែលខ្ញុំបានទៅប្រកួតនៅក្នុងកម្មវិធីកីឡាអូឡាំពិកគឺជាចំណុចរបត់ដ៏ល្អបំផុតសម្រាប់បទពិសោធន៍របស់ខ្ញុំដែលបានចូលរួមប្រកួតកន្លងមក។ ហើយខ្ញុំពិតជារំភើប ដែលការខិតខំប្រឹងប្រែងរបស់ខ្ញុំបានធ្វើឲ្យខ្ញុំបានទៅប្រកួតនេះ ដោយតំណាងប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ខ្ញុំ»។
លោក ពូ សុវិជ្ជា ដែលជាជនជាតិអាមេរិកដើមកំណើតខ្មែរ បានបញ្ជាក់ថា លោកកំពុងតែហ្វឹកហាត់ជារៀងរាល់ថ្ងៃជាមួយនឹងគ្រូបង្វឹកនៅសកលវិទ្យាល័យ Brown មុនថ្ងៃប្រកួតឈានមកដល់។ លោកសង្ឃឹមថា ការហ្វឹកហាត់នេះនឹងជួយឲ្យលោកអាចទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការប្រកួតកីឡាហែលទឹកនេះ ក៏ប៉ុន្តែ លោកថា នេះគឺជាពេលវេលាមួយដែលលោកនឹងបានដកស្រង់បទពិសោធន៍លើសមត្ថភាពរបស់លោកបន្ថែមទៀត។
លោកថ្លែងថា៖
«គោលបំណងធំរបស់ខ្ញុំគឺទៅប្រកួតដោយក្តីរីករាយ ហើយខ្ញុំសង្ឃឹមថា ខ្ញុំអាចហែលក្នុងកំណត់ត្រាល្អ ជាងការប្រកួតមុនៗរបស់ខ្ញុំ។ ខណៈពេលនេះខ្ញុំមិនច្បាស់ថា ខ្ញុំនឹងអាចឈ្នះមេដាយពីការប្រកួតនេះទេ ក៏ប៉ុន្តែខ្ញុំយល់ថា ឲ្យតែខ្ញុំអាចហែលក្នុងកំណត់ត្រាល្អជាងមុន ហើយរីករាយនឹងបទពិសោធន៍នេះ នោះខ្ញុំនឹងអាចសម្រេចគោលបំណងរបស់ខ្ញុំបាន»។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករ ពូ សុវិជ្ជា ធ្លាប់បានហាត់ហែលទឹកជាមួយនឹងកីឡាករកម្ពុជាជាច្រើននាក់ ហើយក៏បានទទួលការហ្វឹកហាត់ពីគ្រូបង្វឹកកម្ពុជា រួមទាំងលោក ហែម ថុន ដែលជាអតីតកីឡាករហែលទឹកជើងចាស់ម្នាក់របស់កម្ពុជា ដែលលោកបានទទួលមរណភាពកាលពីឆ្នាំមុន។
លោក ពូ សុវិជ្ជា បានបញ្ជាក់ថា ការគាំទ្រ និងការបង្ហាត់បង្រៀនដែលលោកទទួលបានពីគណៈកម្មការជាតិកីឡាអូឡាំពិកកម្ពុជា និងពីសកលវិទ្យាល័យ Brown នៅសហរដ្ឋអាមេរិក រួមទាំងការគាំទ្រ និងលើកទឹកចិត្តពីក្រុមគ្រួសាររបស់លោកផង បានជួយឲ្យលោកឈានទៅដល់ការប្រកួតក្នុងកីឡាអូឡាំពិកអន្តរជាតិនេះ។
លោកបន្តថា៖
«អ្នកគ្រប់គ្នាពិតជាបានគាំទ្រខ្ញុំខ្លាំងណាស់ ហើយខ្ញុំពិតជាមិនអាចដើរមកដល់ដំណាក់ការនេះបានទេ បើសិនជាគ្មានការគាំទ្រទាំងអស់នេះ និងបើសិនជាគ្មានការបង្ហាត់បង្រៀនដោយគ្រូបង្វឹកគ្រប់រូបនោះ»។
កីឡាករ ពូ សុវិជ្ជា បានតំណាងឲ្យកម្ពុជានៅក្នុងការប្រកួតកីឡាហែលទឹកជាអន្តរជាតិ និងនៅតំបន់អាស៊ីអាគ្នេយ៍ចំនួនបីលើករួចមកហើយ ដែលលើកទី១គឺនៅប្រទេសអេស្បាញ កាលពីឆ្នាំ២០១៣ លើកទី២គឺនៅប្រទេសសិង្ហបុរី កាលពីរដូវក្តៅឆ្នាំ២០១៥ ហើយលើកទី៣គឺនៅប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៥ដែរ។
កីឡាករ ពូ សុវិជ្ជា កើតនៅសហរដ្ឋអាមេរិក ហើយសព្វថ្ងៃនេះលោកកំពុងរៀននៅមហាវិទ្យាល័យ Brown ដែលស្ថិតនៅទីក្រុង Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិក។ លោកមានឪពុកជាជនជាតិខ្មែរ និងម្តាយជាជនជាតិថៃ។ លោក សុវិជ្ជា បាននិយាយថា លោកចូលចិត្តហែលទឹកតាំងពីអាយុ៦ឆ្នាំមកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក លោកក៏ចាប់យកកីឡាហែលទឹកនេះជាអាជីពដែលលោកចូលចិត្តជាទីបំផុត។
លោក ពូ សុវិជ្ជា បានជំរុញលើកទឹកចិត្តឲ្យកីឡាករ និងកីឡាការិនីកម្ពុជាដទៃទៀតជឿជាក់លើខ្លួនឯង និងមានក្តីសង្ឃឹមចំពោះខ្លួនឯង ដើម្បីបន្តដើរទៅមុខឲ្យឈានដល់ការប្រកួតក្នុងលំដាប់ថ្នាក់ពិភពលោក តំណាងឲ្យកម្ពុជា ដូចជារូបលោកដែរ។
លោកថ្លែងថា៖
«ខ្ញុំសូមលើកទឹកចិត្តឲ្យកីឡាករហែលទឹកខ្មែរផ្សេងៗទៀតបន្តប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយខ្ញុំក៏សូមថ្លែងអំណរគុណដល់ប្រធានគ្រូបង្វឹកកីឡាហែលទឹករបស់កម្ពុជា គឺលោក គិរី និងគណៈកម្មការជាតិកីឡាអូឡាំពិក ដែលបានជ្រើសរើសយកខ្ញុំធ្វើជាតំណាងម្នាក់នៅក្នុងការប្រកួតកីឡាហែលទឹក ហើយនេះពិតជាមានន័យណាស់សម្រាប់ខ្ញុំ»។
ក្រៅពីកីឡាករ ពូ សុវិជ្ជា មានកីឡាការិនីហែលទឹកម្នាក់ទៀតគឺកញ្ញា ហែម ថុនវិទីនី ដែលនាងក៏តំណាងឲ្យកម្ពុជាសម្រាប់ការប្រកួតកីឡាហែលទឹកផ្នែកនារីនៅក្នុងការប្រកួតកីឡាអូឡាំពិកអន្តរជាតិនេះផងដែរ។ ជាសរុប កម្ពុជានឹងបញ្ជូនកីឡាករចំនួន៦នាក់ ដែលនឹងតំណាងឲ្យកម្ពុជាសម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ នៅទីក្រុង Rio ប្រទេសប៊្រេស៊ីលនេះ៕