Intro: ខ្មែរកម្ពុជាក្រោមចំនួន៧គ្រួសារដែលអាជ្ញាធរប្រទេសថៃចាប់បញ្
<!-- IMAGE -->
ដើម្បីស្តាប់ព័ត៌មាននេះ
នៅក្នុងបន្ទប់មួយដែលមានទំហំ៥គុណនឹង៣ម៉ែត្រនៅសង្កាត់បឹងទំពុនខណ្ឌ
មានជ័យក្រុងភ្នំពេញ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមចំនួន៨នាក់រស់នៅយ៉ាង
ប្រជ្រៀតគ្នាដោយគេងផ្ទាល់នឹងឥដ្ឋ។
ពួកគាត់គឺជាក្រុមមួយក្នុងចំណោមប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមសរុបចំនួន២២
នាក់ដែលត្រូវអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញជាបន្តបន្ទាប់កាលពីខែធ្នូឆ្នាំ២០០៩
បន្ទាប់ពីទទួលបរាជ័យក្នុងការសុំសិទ្ធិជ្រកកោននៅប្រទេសទីបី។
ទោះបីជាស្ថិតក្នុងបន្ទប់តូចចង្អៀតបែបនេះក្តី ពួកគេហាក់ដូចជាមានការពេញ
ចិត្តនឹងកន្លែងស្នាក់នៅនោះណាស់ ហើយពួកគេមានបំណងរស់នៅបន្តជីវិតចុង
ក្រោយរបស់ពួកគាត់នៅកម្ពុជា។
ក៏ប៉ុន្តែក្តីសង្ឃឹមរបស់ពួកគេកំពុងថិតក្នុងការភ័យព្រួយនៅឡើយ ពីព្រោះពួកគេ
មិនមានប្រាក់សម្រាប់ធ្វើការចំណាយឈ្នួលផ្ទះ ១ខែ ៧០ដុល្លារនោះទេ។ រយៈ
ពេល២ខែកន្លងមក អង្គការលីកាដូ ជាអ្នកទទួលបន្ទុកលើការចំណាយប្រាក់
ឈ្នួលផ្ទះនិងម្ហូបអាហារ។ ហើយនៅក្នុងអំឡុងខែមិនានេះ ឧត្តមស្នងការអង្គការ
សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានរ៉ាប់រងការចេញថ្លៃឈ្នួល
ផ្ទះនិងម្ហូបចំណីអាហារឲ្យអ្នកទាំងនោះ។
ខ្មែរកម្ពុជាក្រោមទាំងនោះនឹងត្រូវប្រឈមមុខការបាត់បង់ជម្រកស្នាក់នៅ បន្ទាប់
ពីដាច់ខែមិនានេះទៅ បើសិនមិនមានអង្គការ ឬសប្បុរសជនណាជួយទេនោះ។
លោកថាច់ ស៊ុង ជាខ្មែរកម្ពុជាក្រោមម្នាក់ក្នុងចំណោមខ្មែរកម្ពុជាក្រោម ដែលថៃ
បានចាប់បញ្ជូនមកនោះបានឲ្យដឹងថា ពួកគាត់នឹងអាចគ្មានកន្លែងស្នាក់នៅ
បន្ទាប់ពីខែនេះត្រូវបានបញ្ចប់ ដោយគាត់គិតថា ប្រហែលជាគ្មានអង្គការណា
មកជួយឧបត្ថម្ភពួកគាត់បន្តទៀតនោះទេ។
«បន្ទាប់ពីមួយខែនេះ បើសិនមិនមានអង្គការណាគ្រាំទ្រពួកយើងខ្ញុំទេមិនដឹងថា
យើងរស់នៅកន្លែងណាទេ។វាអត់មានផ្ទះ វាអត់មានកន្លែងណាដែលត្រូវជ្រកទេ
អញ្ចឹងខ្ញុំគិតថា ជីវិតពួកខ្ញុំ ខ្មែរក្រោមនេះ បើសិនបញ្ចប់នៅខែនេះមិនដឹងជាត្រូវ
រសាត់អណ្តែតយ៉ាងម្តេចទេ»។
ខ្មែរកម្ពុជាក្រោមចំនួន៧គ្រួសារនេះបានចាកចេញពីប្រទេសវៀតណាម ភៀស
ខ្លួនមកនៅកម្ពុជាកាលពីឆ្នាំ២០០១ដោយសារមានការភ័យខ្លាចហើយអ្នកទាំង
នោះបានអះអាងថា ពួកគេត្រូវអាជ្ញាធរវៀតណាមចោទប្រកាន់ថា ជាអ្នកបះ
បោរ។
អ្នកទាំងនោះស្នាក់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង៣ឆ្នាំ បន្ទាប់មកបាន
ភៀសខ្លូនបន្តទៅនៅប្រទេសថៃទៀតកាលពីឆ្នាំ២០០៤ ដោយពួកគេបានអះអាង
ថា រដ្ឋាភិបាលកម្ពុជាបានចោទប្រកាន់ថា ពួកគេបង្កើតកងកម្លាំងប្រដាប់អាវុធ
ខុសច្បាប់។
ខ្មែរកម្ពុជាក្រោមទាំងនោះបានឲ្យដឹងថា បរាជ័យក្នុងសុំសិទ្ធិរស់នៅប្រទេសទីបី
គឺដោយសារខាUNHCRបានអះអាងថា រដ្ឋាភិបាលខ្មែរនឹងទទួលយកពួកគេរស់
នៅពេញសិទ្ធិក្នុងប្រទេស បើសិនជាពួកគេវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ក៏ប៉ុន្តែនៅពេលនេះត្រូវបានអាជ្ញាធរក្រុងភ្នំពេញបានបដិសេធក្នុងការចេញបណ្ណ
គ្រួសារ ឬអត្តសញ្ញាណបណ្ណឲ្យ ដោយសំអាងថា អ្នកទាំងនោះមិនមានទីលំនៅ
ត្រឹមត្រូវពិតប្រាកដ។
លោកថាច់ ស៊ុងបានឲ្យដឹងបន្តថា អ្វីដែលពួកគាត់ចង់បានគឺសូមឲ្យរដ្ឋាភិបាល
ខ្មែរទទួលស្គាល់ពួកគាត់ និង ផ្តល់អត្តសញ្ញាណបណ្ណឲ្យពួកគាត់ផងដើម្បីងាយ
ស្រួលក្នុងការរកការងារជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ លោក
បានបញ្ជាក់ថា ការបដិសេធពីអាជ្ញាធរដែនដីមិនព្រមប្រគល់អត្តសញ្ញាណបណ្ណ
ឲ្យពួកគាត់ដោយសំអាងថា មិនមានទីកន្លែងស្នាក់នៅពិតប្រាកដនេះធ្វើឲ្យពួក
គាត់ជួបការលំបាកជាខ្លាំង ដូចជាមិនអាចរកការងារធ្វើបាន ហើយថែមទាំងមិន
ហ៊ានចេញទៅណាទៀតដោយខ្លាចមានការចាប់បញ្ជូនពួកគាត់ទៅប្រទេសវៀត
ណាមវិញ។
«ខ្ញុំមិនបានទៅធ្វើអីទេដោយសារតែយើងអត់មានអត្តសញ្ញាណបណ្ណ ឬលិខិតអ្វី
សម្គាល់ខ្លួន អញ្ចឹងអត់ហ៊ានដើរចេញទៅណាទេ។ យើងប្រឈមមុខជីវភាពរស់
នៅ គឺ ការហូបចុកខ្វះខាតយ៉ាងខ្លាំង ហើយការងារក៏មិនបានធ្វើ រកមិនបាន
អញ្ចឹងពួកខ្ញុំវេទនាយ៉ាងខ្លាំង ហើយក្មេងៗមិនបានទៅរៀន» ។
ជុំវិញបញ្ហាទាំងអស់នេះ លោកអំ សំអាត អ្នកគ្រប់គ្រងការិយាល័យស៊ើបអង្កេត
នៃអង្គការលីកាដូបានឲ្យដឹងថា អង្គការរបស់គាត់គ្មានគោលការណ៍ជួយឧបត្ថម្ភ
ថ្លៃជួលផ្ទះ ឬម្ហូបចំណី អាហារតទៅទៀតនោះទេ ប៉ុន្តែពួកគាត់នៅបន្តការជួយ
ជ្រោមជ្រែងលើផ្នែកច្បាប់ ដូចជា ការស្វះស្វែងតវ៉ាឲ្យរដ្ឋាភិបាលផ្តល់សៀវភៅ
គ្រួសារ ឬអត្តសញ្ញាណបណ្ណឲ្យអ្នកទាំងនោះ។
លោកបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលមិនព្រមផ្តល់សៀវភៅគ្រួសារ ឬអត្ត-
សញ្ញាណបណ្ណនោះ គឺជាការដាក់បន្ទុកមួយដ៏ធ្ងន់សម្រាប់ខ្មែរកម្ពុជាក្រោមទាំង
អស់នោះ ដោយពួកគាត់រស់នៅក្នុងការភ័យខ្លាចនឹងមិនអាចរកប្រាក់ជួយទ្រទ្រង់
ជីវភាពគ្រួសារទៀតផង។
«រដ្ឋាភិបាលបានទទួលស្គាល់ថា ខ្មែរកម្ពុជាក្រោមគឺជាខ្មែរ អញ្ចឹងបើគាត់ជាខ្មែរ
គាត់ក៏មានសិទ្ធិដូចជាប្រជាពលរដ្ឋខ្មែរដទៃទៀតដែរ។គាត់ត្រូវមានអត្តសញ្ញាណ
បណ្ណមានបណ្ណគ្រួសារ។ រដ្ឋាភិបាលត្រូវតែធ្វើដូចម្តេចដើម្បីឲ្យគាត់មានឯកសារ
ដើម្បីឈានទៅទទួលបានអត្តសញ្ញាណបណ្ណ ហើយនឹងបណ្ណគ្រួសារ។ នេះគឺជា
ការជួយគ្នាទាំងអស់គ្នាដើម្បីឲ្យគាត់ជៀសផុតពីការខ្វះនូវស្បៀងអាហារដើម្បីឲ្យ
គាត់មានការងារធ្វើ។
លោកគួច ចំរើន អភិបាលខណ្ឌមានជ័យបានឲ្យដឹងថា គ្រប់ប្រជាជនទាំងអស់
បើមិនមានអាស័យដ្ឋានពិតប្រាកដទេនោះ គឺ មិនអាចចេញអត្តសញ្ញាណបណ្ណ
បានឡើយ ហេតុដូច្នេះខ្មែរកម្ពុជាក្រោមទាំងនោះ គឺមិនអាចផ្តល់អត្តសញ្ញាណ
បណ្ណបាននោះទេ ហើយនៅចំពោះមុខ ក៏មិនមានគោលការណ៍ក្នុងការផ្តល់ដី
សម្បទានណាមួយដល់អ្នកទាំងនោះដើម្បីបានអត្តសញ្ញាណបណ្ណដែរ។
«មិនអាចយើងចុះបញ្ជីដោយគ្មានអាស័យដ្ឋានបាននោះទេ ត្រូវតែមានអាស័យ
ដ្ឋានគឺជាការចាំបាច់។ យើងទៅចុះបញ្ជីដាក់នៅទីណា បើអត់អាស័យដ្ឋានគឺថា
ចាំបាច់ត្រូវតែមានអាស័យដ្ឋានដើម្បីបញ្ជាក់ថា គាត់មានផ្ទះសម្បែងនៅឯណា»។
VOA សម្លេងសហរដ្ឋអាមេរិចបានធ្វើការទាក់ទងលោក ម៉ាន់ ឈឿន អភិបាល
រងក្រុងភ្នំពេញដើម្បីបំភ្លឺបញ្ហាទាំងអស់នេះ ប៉ុន្តែលោកបានបដិសេធដោយបង្វែរ
សំណួរនេះទៅកាន់សមត្ថកិច្ចប៉ូលិសវិញ ចំណែកឯលោក ទូច ណារ៉ុថ ស្នងការ
ប៉ូលិសរាជធានីភ្នំពេញមិនអាចធ្វើទំនាក់ទំនងបានទេ៕