នាយករដ្ឋមន្ដ្រីអេស្ប៉ាញ លោកម៉ារីយ៉ាណូ រ៉ាចូវ ថ្លែងថាវាសនាសេដ្ឋកិច្ចប្រទេសលោកមានការលំបាកខ្លាំង ហើយអេស្ប៉ាញ ប្រហែលត្រូវការជំនួយថវិកាអន្ដរជាតិដើម្បីសង្រ្គោះ។ មេដឹកនាំប្រទេសនោះថ្លែងដូច្នោះប្រាប់កិច្ចប្រជុំ គណបក្សប្រជាជន កាលពីថ្ងៃពុធថា នរណាដែលមិនយល់អំពីភាពធ្ងន់ធ្ងរនៃបញ្ហាសេដ្ឋកិច្ចជាតិជាជនល្ងង់ខ្លៅ។ លោកបានអធិប្បាយថា អេស្ប៉ាញត្រូវការជំនួយថវិកាដើម្បីសង្រ្គោះ ក្រោយពី សហភាពអឺរុបបានជួយសង្រ្គោះប្រទេស ក្រិក អៀឡង់និងព័រទុយហ្កាល់រួចមក។
សហរដ្ឋអាមេរិក៖ យោធាអាមេរិកបានចេញបញ្ជាជាផ្លូវការឲ្យតុលាការយោធាបើកការកាត់ទោសជនសង្ស័យ៥នាក់ ដែលជាអ្នកផ្ដើមគំនិតរៀបចំផែនការវាយប្រហារភេរវកម្មមកលើអាមេរិកនៅថ្ងៃទី១១ កញ្ញា ២០០១ ដោយបានសម្លាប់មនុស្សជាង៣ពាន់នាក់។ មន្ដ្រីនៃក្រសួងការពារជាតិ នៃមន្ទីរប៉ង់តាហ្គោន ថ្លែងនៅថ្ងៃពុធនេះថាខាលីដ សៀក មហាម៉ាត់ និងជន៤នាក់ទៀតជាប់គុកនៅហ្កាន់តាណាម៉ូ បានត្រូវចោទប្រកាន់ពីបទភេរវកម្ម ដោយបានប្លន់យន្ដហោះការឃុបឃិតនិងឃាតកម្ម។
ប៉ាគីស្ថាន៖ រដ្ឋាភិបាលប៉ាគីស្ថានថ្លែងថា ខ្លួនត្រូវការភស្តុតាងជាក់លាក់ដើម្បីចាត់វិធានការប្រឆាំងអ្នកបង្កើតក្រុមសកម្មប្រយុទ្ធ ដែលគេចោទថាជាអ្នកទទួលខុសត្រូវក្នុងការវាយប្រហារមកលើក្រុងម៉ុមបៃនៅឆ្នាំ២០០៨ មួយថ្ងៃក្រោយពីរដ្ឋាភិបាលវ៉ាស៊ីនតោនប្រកាសឲ្យរង្វាន់១០លានដុល្លារដល់អ្នកណាមួយដែលផ្ដល់ព័ត៌មាននាំទៅរកចាប់ខ្លួននិង កាត់ទោសជននោះ។
ស៊ីរី៖ កងកម្លាំងស៊ីរីបានបើកការវាយប្រហារថ្មីមូយក្នុងកិច្ចប្រតិបត្ដិការយោធានៅតំបន់ជាច្រើនកាលពីថ្ងៃពុធ គឺមិនដល់មូយថ្ងៃផងក្រោយពីក្រុមឈានមុខរបស់អង្គការសហប្រជាជាតិត្រូវគេរំពឹងថានឹងមកដល់ដើម្បីបំពេញបេសកម្មរក្សាសន្ដិភាព។
សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក មិត រមនី បានផ្ដោតការយកចិត្ដទុកដាក់មកលើ ការតែងតាំងលោកជាបេក្ខជនប្រធានាធិបតី តាមផ្លូវការដោយគណបក្សរបស់លោកនិងរៀបចំការប្រយុទ្ធតទល់នឹងប្រធានាធិបតីបារ៉ាក់ អូបាមា ក្រោយពីលោកបានយកជ័យជំនះ ផ្ដាច់ព្រាត់ ក្នុងការបោះឆ្នោតបឋមកាលពីថ្ងៃអង្គារ។
សូម៉ាលី៖ ក្រុម សកម្មជនប្រយុទ្ធនៅក្នុងប្រទេស សុម៉ាលី អាល់ សាបាប់Al shabab ថ្លែងថា ខ្លួនជាអ្នកទទួលខុសត្រូវក្នុងការផ្ទុះគ្រាប់បែក នៅកណ្ដាលក្រុង រដ្ឋធានីនៃប្រទេស សុម៉ាលី កាលពីថ្ងៃពុធនេះ ដែលបានសម្លាប់មនុស្ស យ៉ាងតិច ៨ នាក់ រាប់ទាំងនាយកកីឡាបាល់ទាត់អូឡាំពិកច្រើននាក់ផងដែរ។
អាហ្វហ្គានីស្ថាន៖ មន្ដ្រីផ្លូវការនៅអាហ្វហ្គានីស្ថាននិយាយថា ជនអត្ដឃាតបានសម្លាប់មនុស្សយ៉ាងតិច១៣នាក់ ដោយរាប់ទាំងទាហានអាមេរិកាំង៣នាក់ផងដែរនៅតំបន់ភាគខាងជើងប្រទេស។
សហរដ្ឋអាមេរិក៖ ក្រុមព្យាករណ៍អាកាសធាតុអាមេរិកាំងបានទស្សទាយថារដូវខ្យល់ព្យុះកំបុតត្បូងឆ្នាំ២០១២នៅតំបន់អាត្លង់ទិចនឹងមានតិចជាងមធ្យម តែបានព្រមានថាប្រជាជនរស់នៅតាមបណ្ដោយឆ្នេរសមុទ្រត្រូវប្រុងខ្លួន មិនធ្វេសប្រហែស នៅរដូវខ្យល់ព្យុះនេះ ។
ស៊ូដង់ខាងត្បូង៖ និយាយថាខ្លួនបានបាញ់ទម្លាក់យន្ដហោះយោធារបស់ប្រទេស ស៊ូដង់ ខណៈដែលភាពតានតឹងកាន់តែកើនឡើងរវាងប្រទេសទាំងពីរ។
ម៉ាលី៖ បណ្តាគណបក្សនយោបាយធំជាងគេនៅម៉ាលីបានបដិសេធសេចក្ដីអំពាវនាវរបស់មេដឹកនាំរដ្ឋប្រហារយោធាឲ្យបើកសន្និបាតជាតិមូយដើម្បីដោះស្រាយបញ្ហាសន្ដិសុខ និងនយោបាយ។
ភូមា៖ សហរដ្ឋអាមេរិកបានប្រកាសផែនការនៃការធ្វើឲ្យប្រសើរដល់ទំនាក់ទំនងគ្នាជាមួយប្រទេសភូមា ក្រោយពីប្រទេសនោះបានបោះជំហានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅពេលមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ដកាលពីថ្ងៃអាទិត្យ។