ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាល្លឺម៉ង់​ផ្តល់​ជំនួយ​ជិត​៦៦​លាន​ដុល្លារ​ដល់​កម្ពុជា​ដោយ​ភ្ជាប់​លក្ខខណ្ឌ​​​សិទ្ធិ​មនុស្ស


លោក​ Norbert Barthle តំណាងគណៈប្រតិភូអាល្លឺម៉ង់ និងលោកឈៀង យ៉ាណារ៉ា ​​នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងប្រទេសទាំងពីរនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ (រូបថតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)
លោក​ Norbert Barthle តំណាងគណៈប្រតិភូអាល្លឺម៉ង់ និងលោកឈៀង យ៉ាណារ៉ា ​​នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍរវាងប្រទេសទាំងពីរនៅទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ (រូបថតដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ក្រោយ​រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​និង​​គណៈ​ប្រតិភូ​កម្ពុជា​​​បាន​បញ្ចប់​ការ​ចរចា​ជាមួយ​រដ្ឋាភិបាល​​ទីក្រុង​ប៊ែឡាំង​ ​ប្រទេស​អាល្លឺម៉ង់​​បាន​​​សម្រេច​ផ្តល់​ជំនួយ​ជិត​ ៦៦​ លាន​ដុល្លារ​អាមេរិក​ដោយមាន​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​កម្ពុជា។

រដ្ឋាភិបាល​អាល្លឺម៉ង់​សម្រច​ផ្តល់​ជំនួយ​ដល់​កម្ពុជាជិត​ ៦៦ លាន​ដុល្លារ​អាមេរិក​ដើម្បី​ចូល​រួម​លុប​បំបាត់​ភាព​ក្រីក្រ ដោយ​ភ្ជាប់​លក្ខខណ្ឌ​ឲ្យប្រទេស​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញ​លេញ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ​ដែល​ VOA​ ទទួល​បាន។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​អាល្លឺម៉ង់នឹង​ផ្តល់​ជំនួយ​ដែល​ជា​ប្រាក់​កម្ចី​ និង​ជំនួយ​ឥត​សំណងចំនួន​ ៥៨,៦​ លាន​អឺរ៉ូ ​ឬ​ស្មើ​នឹង​ប្រមាណ​ជាជិត​ ៦៦​ លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ​ ២០១៩​ និង​ ២០២០ ដើម្បី​ឲ្យកម្ពុជា​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​ជន​បទ​ គណនេយ្យ​ភាព​សង្គម ​ការ​កសាង​សមត្ថ​ភាព​របស់​មណ្ឌល​សុខ​ភាព​សាធារណៈ ​និង​កិច្ច​អភិវឌ្ឍន៍​ជនបទ។ ​គម្រោង​ទាំង​នេះជា​គោល​ដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​គូស​បញ្ជាក់​ថា៖​

«ការ​គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​ក្នុង​សង្គម ​និង​សិទ្ធិ​ចូលរួម​នយោបាយ​គឺជា​មូលដ្ឋាន​គ្រឹះ​របស់​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់»។​

លោក​ Norbert Barthle ​សមាជិក​សភា​អាល្លឺម៉ង់ ​និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ថា៖​ «ការ​លុប​បំបាត់​ភាព​ក្រីក្រ​...​គឺ​ជា​គោលដៅ​របស់​ពួក​យើង»។​

ដោយ​មិន​ប្រើ​ពាក្យ​ចំៗ​ពេក លោក​សង្កត់ធ្ងន់​លើ​ការ​ភ្ជាប់​លក្ខខណ្ឌ​ថា៖​

«ប្រសិន​បើ​លំហនយោបាយ ​និង​សង្គម​ពិត​ជា​ត្រូវ​បាន​បើក​ចំហ កម្ពុជា​នឹង​អាច​គេច​ផុត​ពី​ការ​បាត់​បង់​នូវ​ក្រប​ខណ្ឌ​គាំពារ​ពិសេស​ផ្នែក​ពាណិជ្ជកម្ម ​(EBA Preferences)។ ​ច្បាប់​ជាតិ ​និង​ការ​អនុវត្ត​ជាក់​ស្តែង​ត្រូវ​តែ​ស្រប​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ ​ដូច​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​និង​សេរី​ភាព​ខាង​ការ​ជួប​ជុំ ​និង​ប្រមូល​ផ្តុំ។ ​ខ្ញុំ​ជឿ​ជាក់​ថា ​វា​មិន​ពិបាក​នឹង​សម្រេច​ទេ»។​

ក្នុង​ចំណោម​ទឹក​ប្រាក់​ចំនួន​ជិត ​៦៦ លាន​ដុល្លារ​អាមេរិកនោះ ​មាន​ឥណទាន​ជា​កម្ចី​សម្រាប់​គម្រោង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជនបទ ៣០ ​លាន​អឺរ៉ូ ឬ​ស្មើ​នឹង​ជិត​ ៣៤​ លាន​ដុល្លារ​ និង​ ២៨,៦​ លាន​អឺរ៉ូ​ ឬ​ស្មើ​នឹង​ជាង​ ៣២ ​លាន​ដុល្លារ ​ជា​ជំនួយ​ឥត​សំណង​សម្រាប់​អភិវឌ្ឍន៍​វិស័យ​អាហា​រូបត្ថម្ភ ​និង​ប្រព័ន្ធ​គណនេយ្យ​ភាព​សង្គម ​សុខភាព​សាធារណៈ ​និង​អភិវឌ្ឍន៍​ជនបទ។​

ការ​សម្រេច​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ធ្វើ​ឡើង​ ខណៈ​ដែល​គណៈប្រតិភូ​កម្ពុជាបាន​បញ្ចប់ទស្សនកិច្ចរយៈពេល​បីថ្ងៃ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ​គណៈ​ប្រតិភូ​ដែល​ដឹក​នាំ​ដោយ​លោក ឈៀង យ៉ាណារ៉ា​ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី ​អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ បានចរចា​ជាមួយ​ប្រទេស​អាល្លឺម៉ង់អំពី​ជំនួយ​ខាង​លើ។​

VOA ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ឈាង យ៉ាណារ៉ា​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ បាន​ទេ។​

យ៉ាងណាក្តី​ ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ គ្រាន់​តែ​បាន​ផ្សព្វ​ផ្សាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​កម្ពុជាដោយ​បញ្ជាក់​ថា៖​

«ការ​ចរចា​នោះ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​របស់​អាល្លឺម៉ង់​ដល់កម្ពុជា​ សម្រាប់​ឆ្នាំ​ ២០១៩-២០២០ »​ប៉ុណ្ណោះ។​

ការ​ផ្តល់ឥណទាន​ជា​កម្ចី​ចំនួន​ជាង ​៣០ ​លាន​ដុល្លារ​អាមេរិក​ដោយប្រទេស​អាល្លឺម៉ង់​នៅ​ពេល​នេះ គឺជាផ្នែក​មួយស្ថិត​ក្នុង​គម្រោង​ជំនួយ​ផ្នែក​កម្ចីសរុប​ចំនួន​ ៨០​ លាន​អឺរ៉ូ​ ដែល​ផ្តល់​ដោយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ (AFD) ​និង​សហភាព​អឺរ៉ុប។​

កាលពី​ចុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៩ ​នេះ​ ​រដ្ឋាភិបាល​អាល្លឺម៉ង់​ផ្ដល់​ថវិកា​ជិត​ ៦ ​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ ព្រម​ទាំង​រំឭក​ឲ្យ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ខិតខំ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​អឺរ៉ុប។​

ការ​រំឭក​ជារឿយៗ​របស់​អាល្លឺម៉ង់​ឲ្យ​កម្ពុជា​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ធ្វើ​ឡើង​ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ដំណើរ​ការ​នីតិវិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​ដែល​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ប្រមាណ​ជា​ជិត​ ៧០០ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នេះ​ ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​

យ៉ាង​ណា​ក្ដី​ ក្រុមមន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​អះអាង​ថា ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ ​បើ​ទោះបី​ជា​អ្នក​ជំនាញ​ផ្នែក​សេដ្ឋ​កិច្ច​អះអាង​ថា ​កម្ពុជា​នឹង​រង​វិបត្តិ​ ​ប្រសិន​បើ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដ៏​សំខាន់​មួយ​នេះ៕

XS
SM
MD
LG