កាលពីថ្ងៃអង្គារទី២២ខែមីនា លោក Alan Lowenthal និងលោក Steve Chabot សមាជិកសភាស.រ.អា. បានប្រកាសអំពីការបង្កើតក្រុមពិភាក្សាដែលមកពីគណបក្សទាំងពីរក្នុងសភា ដើម្បីពិភាក្សាបញ្ហាប្រទេសកម្ពុជាដែលភាសាអង់គ្លេសហៅថា Bipartisan Congressional Cambodia Caucus ដើម្បីប្រមូលផ្តុំជាមួយគ្នានូវពួកសមាជិកសភាអាមេរិកាំងទាំងឡាយណាដែលយកចិត្តទុកដាក់ដល់ស្ថានការណ៍នយោបាយដ៏ពិបាកក្នុងប្រទេសកម្ពុជា និងទំនាក់ទំនងទូលំទូលាយរបស់ស.រ.អា.ជាមួយប្រទេសជាតិនេះក្នុងទ្វីបអាស៊ីអាគ្នេយ៍។
លោកតំណាងរាស្ត្រអាមេរិកាំង Lowenthal និង Chabot នឹងបម្រើការជាសហប្រធាននៃក្រុមពិភាក្សាបញ្ហាប្រទេសកម្ពុជាថ្មីនេះ។
លោក Lowenthal ដែលជាសមាជិកសភាស.រ.អា.ក៏ជាសមាជិកនៃគណៈកម្មាធិការការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកាំងនិងអនុគណៈកម្មាធិការស្តីពីភូមិភាគអាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិកដែរ។
លោកតំណាងក្រុង Long Beach ដែលមានសហគមន៍ខ្មែរធំមួយ ក្នុងបណ្តាសហគមន៍ខ្មែរធំៗនៅខាងក្រៅប្រទេសកម្ពុជា។
លោក Chabot សមាជិកសភាស.រ.អា.ជាអតីតប្រធាននៃអនុគណៈកម្មាធិការស្តីពីភូមិភាគអាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិករបស់គណៈកម្មាធិការការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកាំង ហើយលោកត្រូវបានចាត់ទុកថាជាអ្នកជំនាញការនាំមុខគេម្នាក់ អំពីប្រទេសកម្ពុជានៅក្នុងសភាស.រ.អា.។
លោកសមាជិកសភាស.រ.អា. Lowenthal បានមានប្រសាសន៍ថា «ក្នុងឋានៈជាអ្នកតំណាងនៃពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរច្រើននាក់ ដែលក្នុងបណ្តាក្រុមជនទាំងនេះមានជាច្រើននាក់នៅតែមានការទាក់ទងយ៉ាងជ្រៅជាមួយប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ថាជាការចាំបាច់ដែលសភាត្រូវធ្វើអ្វីទាំងអស់ដែលខ្លួនអាចធ្វើបាន ដើម្បីធ្វើឱ្យប្រាកដប្រជាថាស.រ.អា.នៅតែបម្រើការតទៅទៀតជាឥទ្ធិពលវិជ្ជមានមួយលើប្រទេសកម្ពុជា នៅពេលដែលប្រទេសនេះខិតខំព្យាយាមចូលរួមឱ្យបានពេញលេញនៅក្នុងសហគមន៍អន្តរជាតិ»។
លោក Steve Chabot បានមានប្រសាសន៍ថា «ទំនាក់ទំនងខ្លាំងមួយរវាងស.រ.អា.និងប្រទេសកម្ពុជាមានសារៈសំខាន់ណាស់ដល់អនាគតនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាបានក្លាយយ៉ាងឆាប់រហ័សជាដៃគូសេដ្ឋកិច្ចសំខាន់មួយរបស់ស.រ.អា.ហើយជាការចាំបាច់ដែលយើងត្រូវតែបន្តបណ្តុះបណ្តាលការលូតលាស់ខាងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅពេលឧបត្ថម្ភផ្ចុងផ្តើមសេចក្តីថ្លៃថ្នូរសំខាន់ៗរបស់យើងដូចជាការគោរពសិទ្ធិមនុស្សនិងវិធាននៃច្បាប់ជាដើម»។
នៅក្នុងជំនួបដំបូងនៃក្រុមពិភាក្សាមកពីគណបក្សទាំងពីរ អស់លោកតំណាងរាស្ត្រអាមេរិកាំង Lowenthal និង Chabot បានជួបកាលពីថ្ងៃទី១៧ខែមិនាជាមួយលោក Bill Heidt ឯកអគ្គរដ្ឋទូតស.រ.អា.ប្រចាំប្រទេសកម្ពុជាដែលបាននិយាយជម្រាបអស់លោកទាំងពីរ អំពីស្ថានការណ៍បច្ចុប្បន្នថ្មីៗបំផុតនៅក្នុងប្រទេសកម្ពុជា៕