សិល្បៈករនិងនិស្សិតវ័យក្មេងមួយក្រុមបានរួមគ្នារៀបចំពិធីតាំងពិព័រណ៍បង្ហាញស្នាដៃចម្លាក់ថ្មបែបទំនើបរបស់ពួកគេនៅក្នុងទីក្រុងភ្នំពេញសម្រាប់រយៈពេល២សប្តាហ៍ដើម្បីជួយលើកតម្លៃសិល្បៈចម្លាក់របស់ខ្មែរ។
លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះជូនដូចតទៅ៖
ក្រុមនិស្សិតនិងសិល្បៈករខាងចម្លាក់ថ្មវ័យក្មេងចំនួន១៤នាក់បានរួមគ្នាដាក់តាំងបង្ហាញជាសាធារណៈនូវស្នាដៃចម្លាក់ថ្មបែបទំនើបរបស់ពួកគេនៅក្នុងសាលតាំងពិព័រណ៍របស់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងទីក្រុងភ្នំពេញសម្រាប់រយៈពេល២សប្តាហ៍គឺចាប់ពីថ្ងៃទី២៨ ខែឧសភានេះ រហូតដល់ថ្ងៃទី៦ ខែមិថុនា។
ចម្លាក់ថ្មបែបទំនើបនេះគឺជាចម្លាក់ថ្មមួយប្រភេទដែលគេមិនអាច ឬងាយយល់ពីអត្ថន័យរបស់វាបាន បើគ្មានការបកស្រាយពន្យល់ពីសិល្បៈករចម្លាក់ផ្ទាល់ទេនោះ ដោយសារចម្លាក់ប្រភេទនេះបង្ហាញតែរូប ឬសណ្ឋាននៃមនុស្ស ឬវត្ថុអ្វី១បែបអរូបីយ៍ប៉ុណ្ណោះដែលបង្កប់ទៅដោយគំនិតបែបណាមួយរបស់អ្នកឆ្លាក់។
ការតាំងពិព័រណ៍ចម្លាក់ថ្មសហសម័យ ឬបែបទំនើបដែលទើបនឹងធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងឆ្លាក់អស់រយៈពេលជិត១ឆ្នាំរបស់យុវសិល្បៈករទាំងនេះ។
កញ្ញា Sasha Constable អ្នកសម្របសម្រួលគម្រោងតាំងពិព័រណ៍ចម្លាក់ថ្មបែបទំនើបរបស់សិល្បករខ្មែរ វ័យក្មេងនេះ មានប្រសាសន៍នៅក្នុងពិធីបើកការតាំងពិព័រណ៍នេះនៅយប់ថ្ងៃព្រហស្បតិ៍ថា ការតាំងពិព័រណ៍នេះមានគោលដៅជំរុញឱ្យមានសិល្បករខ្មែរខាងចម្លាក់បែបទំនើបនេះបន្ថែមទៀត ហើយក៏លើកទឹកចិត្តប្រជាជនកម្ពុជាឱ្យគាំទ្រសិល្បៈបែបទំនើបរបស់ខ្លួនបន្ថែមទៀត ដោយកញ្ញាបញ្ជាក់ថា កន្លងមកហាក់មិនមានការចាប់អារម្មណ៍ពីប្រជាជនខ្មែរច្រើនទេទៅលើសិល្បៈបែបនំនើបនេះ។
"វាពិតជាគ្មានទីផ្សារសម្រាប់សិល្បៈបែបទំនើបរបស់ខ្មែរនៅក្នុងសហគមន៍ខ្មែរនោះទេ ហើយខ្ញុំពិតជាសង្ឃឹមថា ការណ៍នេះនឹងផ្លាស់ប្តូរក្នុងពេលដ៏ឆាប់ខាងមុខ ដោយសារវាពិតជាគួរឱ្យអាម៉ាស់ណាស់ដែលមនុស្សចាស់មិនគាំទ្រសិល្បករជំនាន់ក្រោយៗ នៅពេលដែលពួកគេទាំងនេះសុទ្ធតែមានទេពកោសល្យនោះ"។
រូបចម្លាក់ថ្មដែលដាក់តាំងសរុបចំនួន២៦ដុំ រួមមានរូបចម្លាក់ជាសត្វនិងផ្នែកខ្លះនៃរាងកាយរបស់មនុស្ស តួយ៉ាងដូចជារូបចម្លាក់ដែលបង្ហាញត្រឹមតែបាតដៃពីរដាក់ត្រួតលើគ្នាក្នុងសណ្ឋានដូចពេលមនុស្សអង្គុយតាំងសមាធិ ហើយនិងរូបចម្លាក់ដែលបង្ហាញពីដងខ្លួនមនុស្សស្រីមួយកំណាត់ខាងលើលើកដៃសំពះ តែអត់មានក្បាលជាដើម។
លោក អ៊ុក ជឹមវិចិត្រ វ័យ៣០ឆ្នាំ ដែលបានឆ្លាក់រូបអំពីមុខមនុស្សប្រុសពាក់ក្រវិល និងមានសក់វែងអន្លាយទម្លាក់ត្រឹមកបង្កើតជារាងដូចសញ្ញាសួរ មានប្រសាសន៍ថា លោកបានឆ្លាក់រូបដែលលោកបានឱ្យឈ្មោះថា "ឆ្ងល់"នេះ គឺដើម្បីផ្តល់សារមួយសម្រាប់មនុស្សភេទទីបីឱ្យពួកគេពិចារណាឱ្យបានត្រឹមត្រូវថា តើពួកគេគួរធ្វើការវះកាត់ប្តូររូបរាងរបស់ខ្លួនពីធម្មជាតិដែរ ឬយ៉ាងណា?
“អត្ថន័យនៃរូបនេះគឺនិយាយអំពីមនុស្សភេទទីបី ដែលធម្មជាតិបានផ្តល់ឱ្យដែលគេហៅថា ខ្ទើយ ដែលជាខ្ទើយដែលស្អាតតាមរយៈការកែភេទ កែរូបរាង។ យើងបានជួយគាំទ្រដល់ពួកគេ ប៉ុន្តែពួកគេ ត្រូវចេះគិតខ្លួនឯងថា តើពួកគេគួរធ្វើបែបនេះ ឬក៏យ៉ាងម៉ិច?”
លោក ឈា ប៊ុណ្ណា វ័យ២៧ឆ្នាំ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រខាងចម្លាក់នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្នុងឆ្នាំ២០០៦ ហើយបច្ចុប្បន្នជាសិល្បៈករខាងចម្លាក់ថ្មបែបទំនើបម្នាក់ដែរបានយករូបចម្លាក់ថ្មរបស់លោកចំនួន៧ដុំមកចូលរួមតាំងពិព័រណ៍នេះ។ រូបចម្លាក់ថ្មរបស់លោកប៊ុណ្ណា ដែលរួមមានដៃតាំងសមាធិ និងដងខ្លួនមនុស្សស្រីដែលខុសពីលក្ខណៈធម្មជាតិជាដើម។
លោក ឈា ប៊ុណ្ណា មានប្រសាសន៍ថា លោកខិតខំប្រឹងប្រែងឆ្លាក់រូបចម្លាក់ថ្មបែបសម័យទំនើបនេះគឺដើម្បីជួយលើកកម្ពស់វិស័យចម្លាក់ខ្មែរឱ្យឈានទៅតាមការវិវត្តន៍នៃសិល្បៈចម្លាក់នៅក្នុងសម័យទំនើបនេះ។
“ពេលខ្ញុំចូលសិក្សានៅសាលា គឺខ្ញុំសិក្សាពីចម្លាក់បុរាណពីសម័យមុនៗមក អញ្ចឹងឧបមាថាអ្នក ជំនាន់ក្រោយ គេសិក្សាពីជំនាន់ខ្ញុំនេះ អញ្ចឹងបានន័យថា សតវត្សរ៍ជំនាន់យើងហ្នឹងគួរតែរកអីដាក់សម្គាល់ថា ចម្លាក់សម័យនេះវាបែបម៉ិច។ អញ្ចឹងបើយើងអត់ជំរុញទៅមុខទេ បានន័យថា អ្នកក្រោយៗមករៀនតែអំពីអ្វីក្រោមៗហ្នឹង។ វាអត់ទៅមុខដូចស្រុកគេទេ។ ស្រុកគេ គេ update អញ្ចឹងខ្ញុំចង់ធ្វើ ស្នាដៃហ្នឹងគឺចង់គាំទ្រចម្លាក់យើងឱ្យវាដើរទៅមុខទៀត”។
សូមបញ្ជាក់ថា សិល្បៈចម្លាក់ថ្មរបស់ខ្មែរចែកចេញជាបែបទំនើប និងបែបបុរាណ។សិល្បៈចម្លាក់ថ្មបែបបុរាណរបស់ខ្មែរត្រូវបានទទួលស្គាល់ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិចំពោះក្បូរក្បាច់យ៉ាងល្អប្រណិតគួរឱ្យចង់គយគន់ ដូចដែលបានឆ្លុះបញ្ចាំងនៅតាមជញ្ជាំងប្រាសាទបុរាណជាច្រើនស្រាប់ ជាពិសេសគឺនៅតាមជញ្ជាំងប្រាសាទដ៏ល្បីល្បាញមួយចំនួន ដូចជាប្រាសាទបន្ទាយស្រីនិងប្រាសាទអង្គរវត្តដែលជានិមិត្តរូបរបស់ជាតិជាដើម។
លោក សូ ចិន្តា ព្រឹទ្ធបុរសនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានប្រសាសន៍ថា ការចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈចម្លាក់ខ្មែររបស់សិល្បៈករវ័យក្មេងទាំងនេះពិតបានធ្វើឱ្យពួកគេយល់យ៉ាងច្បាស់អំពីការលំបាកសព្វគ្រប់បែបយ៉ាងដែលបុព្វបុរសរបស់ពួកគេបានឆ្លងកាត់នៅពេលដែលបុព្វបុរសទាំងនោះឆ្លាក់ថ្មជញ្ជាំងប្រាសាទនានាដែលបានបន្សល់ទុកឱ្យពួកគេរហូតមកដល់សព្វថ្ងៃនេះ។
លោក សូ ចិន្តាមានប្រសាសន៍បន្ថែមថា ស្នាដៃចម្លាក់ថ្មបែបសម័យទំនើបរបស់យុវសិល្បៈករទាំងនេះបានបង្ហាញមុខមាត់ថ្មីមួយរបស់កម្ពុជាដែលថា ប្រទេសនេះក៏មានសិល្បៈករដែលពោរពេញដោយគំនិតច្នៃប្រឌិតនិងការបង្កើតថ្មីដែរ។
“ប្អូនៗសម័យក្រោយនេះក៏គាត់មានគំនិតបង្កើតថ្មីច្រើន ហើយក៏ជាស្នាដៃមួយដែលចូលរួមអភិវឌ្ឍន៍នៅក្នុងសង្គមមួយចំណែកដែរ ព្រោះអីយើងពុំគ្រាន់តែអភិរក្សសិល្បៈវប្បធម៌របស់យើងដែលមាន តាំងពីដូនតាមកនោះទេ យើងក៏ត្រូវតែមានទិសដៅមួយអភិវឌ្ឍន៍សិល្បៈរបស់យើងដែរ”។
គម្រោងឆ្លាក់ថ្មបែបសម័យទំនើបនេះត្រូវបានគាំទ្រថវិកាដោយអង្គការមនុស្សធម៌មួយឈ្មោះថា Friends of Khmer Culture ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក។
អ្នកទស្សនាពិព័រណ៍នេះអាចទិញរូបចម្លាក់ថ្មបែបទំនើបនេះបាន ដោយប្រាក់ចំណេញមួយផ្នែកដែលបានពីការលក់នេះនឹងយកទៅប្រើប្រាស់សម្រាប់ទិញឧបករណ៍និងសម្ភារៈសិក្សាសម្រាប់សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
លោក ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងវប្បធម៌ មានប្រសាសន៍ថា ក្រសួងវប្បធម៌គាំទ្រឱ្យមានការបង្កើត ស្នាដៃថ្មីៗប្រកបដោយគំនិតច្នៃប្រឌិតបែបនេះបន្ថែមទៀត ដើម្បីជួយរុញច្រានសិល្បៈខ្មែរឱ្យចូលទៅ ក្នុងចរន្តសាកលភាវូបនីយកម្មនៃសិល្បៈសម័យទំនើបនេះ។
“យើងចង់ជំរុញឱ្យសិល្បករនិងស្នាដៃរបស់យើងឈានទៅដល់ការទទួលស្គាល់នៅខាងក្រៅ”។
និស្សិត តាកេត មេត្តា ដែលកំពុងឈរសំឡឹងមើលរូបចម្លាក់ថ្មនៅក្នុងសាលតាំងពិព័រណ៍នេះយ៉ាងផ្ចង់អារម្មណ៍នោះ បានប្រាប់ឱ្យដឹងថា រូបចម្លាក់ថ្មបែបសម័យទំនើបដែលមានលក្ខណៈអរូបីយ៍ទាំងនេះធ្វើឱ្យខ្លួនគិត ហើយព្យាយាមស្វែងយល់ពីអត្ថន័យរបស់រូបនីមួយៗ។
“បើកាលណាចេញមកភ្លាមអញ្ចឹងទៅ យើងអត់ប្រើខួរគិតទេ។ យើងអត់សង្កេតទេ អញ្ចឹងរូបហ្នឹងយើងគ្រាន់តែមើលហើយចោល ហើយអញ្ចឹងរូបហ្នឹងយើងមើលទៅមិនដឹងថាស្អីទេ។ យើងអត់ដឹងថា វាត្រូវតាមអត្ថន័យដែលគេដាក់ ឬអត់ទេ។ ដល់អញ្ចឹងយើងចាប់ផ្តើមមើល ហើយពិចារណាទៀត។ អញ្ចឹងរូបហ្នឹងយើងមើលបានយូរ"។
បន្ទាប់ពីដាក់បង្ហាញនៅទីក្រុងភ្នំពេញចប់ត្រឹមថ្ងៃទី៦ ខែមិថុនាហើយនោះ ពិព័រណ៍ចម្លាក់ថ្មបែបទំនើបនេះក៏នឹងត្រូវដាក់តាំងបង្ហាញបន្តទៀតនៅខេត្តសៀមរាបចាប់ពីថ្ងៃទី៨ ខែមិថុនារហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០១០នេះផងដែរ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសំឡេងសហរដ្ឋអាមេរិក៕